ធនាគារ ប្រៃសណីយ៍កម្ពុជា បានបរិច្ចាគថវិកា ៤០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ធនាគារ ប្រៃសណីយ៍កម្ពុជា បានបរិច្ចាគថវិកាចំនួន ៤០លានរៀល ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធីគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមដោយ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ថវិកាសរុប ៤០លានរៀលនេះ មួយចំណែកបានមកពីការបរិច្ចាគពីសប្បុរសជនតាមរយៈ CPBank KHQR និងមួយចំណែកធំបានពីការបរិច្ចាគបន្ថែមរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា បានដឹកនាំគណៈគ្រប់គ្រងធនាគារ ពាំនាំថវិកាមកប្រគល់ជូនមូលនិធិ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ។

ក្រៅពីបានចូលរួមបរិច្ចាគ និងរៃអង្គាសថវិកាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ធនាគារ ប្រៃសណីយ៍កម្ពុជា និងបុគ្គលិក ក៍តែងស្ម័គ្រចិត្តបរិច្ចាគថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខែផងដែរ ដោយគិតត្រឹមឆ្នាំ២០២៦នេះ ធនាគារ និងបុគ្គលិក បានបរិច្ចាគថវិកាសរុបប្រមាណ ២២ម៉ឺនដុល្លាររួចមកហើយ។

ធនាគារ ប្រៃសណីយ៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិក អតិថិជន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ CPBank KHQR។ អំណោយសប្បុរសធម៌នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រមន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារកម្ពុជា ប្រកបដោយវិជ្ជាជីវៈ និងដោយឥតគិតថ្លៃសេវា។
រួមគ្នាដើម្បីបន្តស្នាមញញឹមកុមារកម្ពុជា!