ធនាគារប្រៃសណីយ៍កម្ពុជា បានចូលរួមជា អ្នកឧបត្ថម្ភ (Silver Sponsor) សម្រាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ប្រចាំឆ្នាំ គឺ សន្និសីទធនាគារនៅកម្ពុជាលើកទី៥ ឆ្នាំ២០២៦ (Cambodia Banking Conference 2026) ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមប្រធានបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ជំនឿទុកចិត្ត និងទំនុកចិត្តក្នុងប្រព័ន្ធធនាគារ” ។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ។
សន្និសីទនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍ និងភាពធន់រឹងមាំនៃវិស័យធនាគារនៅកម្ពុជា។
សន្និសីទនេះ នឹងដើរតួជាវេទិកាសម្រាប់ការសន្ទនាជាយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងតំបន់ ព្រមទាំងកិច្ចសហការជាក់ស្តែង ។
កម្មវិធីនេះមានគោលបំណងកំណត់អាទិភាពជាយុទ្ធសាស្ត្រ សម្រាប់វដ្តនៃកំណើនធនាគារបន្ទាប់របស់កម្ពុជា ដោយផ្តោតសំខាន់លើស្ថិរភាពឧស្សាហកម្មធនាគារ សុចរិតភាពហិរញ្ញវត្ថុ ជំនឿទុកចិត្ត ការតភ្ជាប់ប្រកបដោយសុវត្ថិភាព និងហិរញ្ញប្បទានប្រកបដោយផលិតភាព ។
តាមរយៈការគាំទ្រជាផ្លូវការនេះ ធនាគារប្រៃសណីយ៍កម្ពុជា ជឿជាក់យ៉ាងមុតមាំថា សន្និសីទនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងគុណភាពឥណទាន លើកកម្ពស់សុចរិតភាពហិរញ្ញវត្ថុ និងរក្សាបាននូវទំនុកចិត្តខ្ពស់ពីសាធារណជន ស្របតាមទិសដៅរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។











