នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមជាអ្នកឧបត្ថម្ភគាំទ្រ ក្នុងយុទ្ធនាការ “ជ្រោយចង្វារបេយ៍ផ្ទះយើង” ដែលជាប្រមូលផ្តុំគ្នាដោយស្ម័គ្រចិត្តដើម្បីសម្អាតបរិស្ថាន និងដាំដើមឈើ ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ ជ្រោយចង្វារបេយ៍ (Chroy Changvar Bay)។ យុទ្ធនាការដ៏មានអត្ថន័យនេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយ ក្រុមហ៊ុន OCIC Group ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសហគមន៍ និងជំរុញការរស់នៅប្រកបដោយសុខភាពល្អ និងផាសុកភាព។
លើសពីការផ្តល់ការឧបត្ថម្ភគាំទ្រ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរួមគ្នាចុះប្រតិបត្តិការផ្ទាល់ ប្រដាប់ដោយសម្ភារៈសម្អាត ដើរប្រមូលសំណល់ប្លាស្ទិក និងរួមដៃគ្នាដាំកូនឈើដោយផ្ទាល់ដៃផងដែរ។
សកម្មភាពទាំងនេះ មិនត្រឹមតែបាននាំមកនូវថាមពលវិជ្ជមាន និងស្នាមញញឹមប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសហគមន៍។
ព្រឹត្តិការណ៍នាថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការអនុវត្តការទទួលខុសត្រូវខ្ពស់ចំពោះសង្គម (CSR) របស់ ធនាគារ ប្រៃសណីយ៍កម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យដែលថា “បរិស្ថានស្អាត និងធម្មជាតិបៃតង គឺផ្តើមចេញពីយើងទាំងអស់គ្នា” ហើយធនាគារប្តេជ្ញានឹងបន្តគាំទ្រសកម្មភាពនានាដែលផ្តល់ប្រយោជន៍ជាវិជ្ជមានដល់សង្គម និងបរិស្ថានជាបន្តបន្ទាប់ទៀត។


