ធនាគារ ប្រៃណីយ៍កម្ពុជា ចូលរួមឧបត្ថម្ភ និងរត់ជាមួយព្រឹត្តិការណ៍ “រត់ដើម្បីកុមារកម្ពុជា” ចម្ងាយ ៥ គីឡូម៉ែត្រ

ភ្នំពេញ, ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ — ធនាគារ ប្រៃណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ “រត់ដើម្បីកុមារកម្ពុជា” ដែលរៀបចំដោយគម្រោងពាណិជ្ជកម្ម ទីក្រុងជ្រោយចង្វារ ក្នុងគោលបំណងរួមចំណែកសង្គម និងលើកកម្ពស់សុខុមាលភាពកុមារ។

ក្រៅពីការឧបត្ថម្ភផ្លូវការ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ប្រមាណ ១៥០ នាក់ ក៏បានចូលរួមរត់ក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងការប្តេជ្ញាចិត្តក្នុងការគាំទ្រកុមារកម្ពុជា។

ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាតាមរយៈការឧបត្ថម្ភពីដៃគូអាជីវកម្ម និងការលក់សំបុត្រជូនសាធារណៈជន។ ថវិកា ១០០% ដែលប្រមូលបាន នឹងបរិច្ចាគជូន មន្ទីរពេទ្យគន្ធ បុប្ផា ដើម្បីជួយលើកកម្ពស់សេវាសុខភាពឥតគិតថ្លៃសម្រាប់កុមារកម្ពុជាទូទាំងប្រទេស និងអនុវត្តបេសកកម្មរបស់មន្ទីរពេទ្យឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ធនាគារ ប្រៃណីយ៍កម្ពុជា បន្តប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពសង្គម និងគាំទ្រកិច្ចការដែលមានអត្ថប្រយោជន៍សាធារណៈក្នុងការកសាងអនាគតកំណើតថ្មីៗរបស់ប្រទេស។