ធនាគារ ប្រៃសណីយ៍កម្ពុជា បរិច្ចាគ៤លានរៀល ជូនអង្គការអាហ្វេស៊ីបកម្ពុជា

ធនាគារ​ប្រៃសណីយ៍កម្ពុជា (CPBank) បាន​បរិច្ចាគ​ថវិកា ៤លានរៀល​ជូន​អង្គការអាហ្វេស៊ីបកម្ពុជា នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ ដែល​ប្រារព្ធធ្វើឡើង​នៅ​ក្នុង​ពិព័រណ៍គ្រួសារខ្ញុំ​លើកទី​២ ក្នុង​ផ្សារ​អ៊ីអន​ម៉លសែនសុខ។

ក្រៅ​ពី​បរិច្ចាគថវិកាដោយ​ផ្ទាល់​ ធនាគារ​ប្រៃសណីយ៍កម្ពុជា ក៏​បានរៀបចំ​យុទ្ធនាការណ៍រៃអង្គាសថវិកា​ពី​សប្បុរសជននានាជូន​​អង្គការអាហ្វេស៊ីបកម្ពុជាផងដែរ ដោយ​អំពាវនាវ​ឱ្យសប្បុរសជន​ទាំងអស់​បរិច្ចាគថវិកា ពី​គ្រប់​ធនាគារបានយ៉ាងងាយស្រួល ដោយ​គ្រាន់​តែស្គែន KHQR របស់​អង្គការអាហ្វេស៊ីបកម្ពុជា ដែល​ធនាគារ ប្រៃសណីយ៍បានរៀបចំ​ជូន។

គូរបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទ តាមរយៈការផ្ដល់ជាជំរក ការគាំពារសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញជាមួយស្ថេរភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្តុ។ អង្គការអាហ្វេស៊ីបកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1996 និងបានជួយការពារ និងគាំពារ យុវនារី និងកុមារីរាប់ពាន់នាក់រហូតមកដល់បច្ចុប្បន្ន។

លោកស្រី ឈួ ផេកជូ ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា នៃ​ធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ការចូលរួមចំណែក​ក្នុង​ថ្ងៃនេះ បាន​សបញ្ជាក់​ពីការ​ប្តេជ្ញា​ចិត្ត​ ​របស់​ ធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​សកម្មភាពសង្គម និង​សប្បុរសធម៌នានា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមន្សយ៉ាងក្រៃលែង ដែលថ្ងៃនេះយើងបានក្លាយជាចំណែកមួយក្នុងការចូលរួមជួយដល់កុមារី និងយុវនារីកម្ពុជាតាមរយៈ​អង្គការអាហ្វេស៊ីបកម្ពុជា»។

លោកស្រីបាន​បន្តថា «យើងខ្ញុំក៏សូមអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ​ចូលរួមបរិច្ចាគ​ថវិការ​តាម​រយៈការ​ស្គែន KHQR  ជូន​អង្គការអាហ្វេស៊ីបកម្ពុជា ដែលកំពុងតែត្រូវការជំនួយបន្ថែម​ ដើម្បីរួម​ចំណែក​ជាមួយ​អង្គការ ក្នុង​ការជួយ យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះកម្ពុជា​ ឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈឡើងវិញ​ និងអភិវឌ្ឍខ្លួន ឱ្យក្លាយជាធនធាន​របស់​សង្គមនាថ្ងៃខាងមុខ។»

លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជានាយិការគ្រប់គ្រងរបស់អង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និយោជិក និងអថិជនរបស់ធនាគារប្រៃសណីយ៍ ដែលជាធនាគារដំបូងគេនៅប្រទេសកម្ពុជាដែលបានរួមចំណែកជាមួយអង្គការអាហ្វេស៊ីបកម្ពុជាក្នុងការជួយយុវនារី និងកុមារីរងគ្រោះ។ ការរួមចំណែករបស់បងប្អូនសប្បុរសជន គឺជាការរួមចំណែកដ៏ធំធេងដើម្បីផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមជាថ្មីដល់យុវនារី និងកុមារីរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជា។

គួរបញ្ជាក់ផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុង ខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង (CANADIA Investment Holding Plc.)  ប្រៃសណីយ៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង (Fullerton Financial Holdings Pte.)។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេលជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេស​កម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។

បន្ថែម​ពីនេះ ធនាគារ​ក៏​មាន​សេវា​ចល័ត ដែល​ផ្តល់​ភាណងាយស្រួល ដល់​ប្រ​ជាជនក្នុង​ការ​បង់​វិក្កយបត្រទឹក​ ភ្លើង សំរាម បង់​ពន្ធគ្រប់​ប្រភេទ​ តាម​រយៈ​សេវាធនាគារ​ចល័ត។​