CPBank ប្រារព្ធមហាសន្និបាតប្រចាំឆ្នាំលើកទី៨

នាថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បាន​រៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី៨ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២១ ជាច្រើនរូប។

មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ​២០២១ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាតនេះក៏បានរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកដឹកនាំ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។ លើសពីនេះ គណៈគ្រប់គ្រង ក៏បានធ្វើការប្រគល់ជាវិញ្ញាបនបត្រជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២១ លើកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការពាំនាំនូវសេវាហិរញ្ញវត្ថុជូនអតិថិជន និងការសម្រេចបាននូវសមិទ្ធផលការបានយ៉ាងល្អប្រសើរ ផងដែរ។

ជាកិច្ចចុងក្រោយនៃមហាសន្និបាត លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ និងសូមឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងឡើងក្នុងឆ្នាំ២០២២ និងបានប្រសិទ្ធពរជ័យសព្វសាធុកាចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។