ក្រុមប្រឹក្សាភិបាល

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ កាណាឌីយ៉ា ក.អ, និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ លោកអ្នកឧកញ៉ាបណ្ឌិតបានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកអ្នកឧកញ៉ាបណ្ឌិតជាសហគ្រិនដ៏ឆ្នើម និងជាអ្នកដឹកនាំធុរកិច្ចដ៏គួរឱ្យគោរពក្នុងប្រទេសកម្ពុជា និងប្រទេសកាណាដា និងធ្លាប់បានបម្រើការងារក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើន រួមមានប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Oriental Ship Supplies និង ក្រុមហ៊ុន Oriental Commercial Inc.។ លោកអ្នកឧកញ៉ាបណ្ឌិតបានដឹកនាំ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឱ្យទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ ក៏ដូចជាធនាគារ កាណាឌីយ៉ា ក.អ ចាប់តាំងពីឆ្នាំ១៩៩១ មក។

លោកអ្នកឧកញ៉ាបណ្ឌិត ធ្លាប់ជាប់ឆ្នោះជាប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និងបច្ចុប្បន្នជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងបានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំតាមវិស័យនានា ដើម្បីដឹកនាំការអភិវឌ្ឍន៍វិស័យធនាគារ និងសំណង់នៅកម្ពុជា។

លោកអ្នកឧកញ៉ាបណ្ឌិត បានទទួលពានរង្វាន់កិត្តិយសថ្នាក់ “មហាសេរីវឌ្ឍនៈ” ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០២ និងទទួលបានមេដៃស្ថាបនាជាតិថ្នាក់លេខមួយ ដែលប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងនៅតែបន្ត របស់លោកអ្នកឧកញ៉ាបណ្ឌិតក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

ក្នុង​ឆ្នាំ២០១៩ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានទទួលកិត្តិយសជា “បណ្ឌិតគ្រប់គ្រងផ្នែកពាណិជ្ជកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវីនៃរាជបណ្ឌិតសភាកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត CAROLYNE PUNG
អនុប្រធានក្រុមប្រឹក្សាភិបាល

លោកស្រីវេជ្ជបណ្ឌិត Carolyne Pung  បានកើតនៅក្នុងទីក្រុងភ្នំពេញ។ លោកស្រីបានចម្រើនវ័យ និងសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្រ្ត និងបានបញ្ចប់ថា្នក់អនុបណ្ឌិតក្នុងឆ្នាំ២០០០។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្រ្តគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Montreal នៅក្នុងឆ្នាំ២០០២។ លោកស្រីបានបំពេញវិជ្ជាជីវៈជាវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនចំនួនពីរ នៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario សំរាប់រយៈពេល ៥ឆ្នាំ។

នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងអាជីវកម្មនានា។ ដើម្បីបន្តការអនុវត្តន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្ត លោកស្រីបានបម្រើការងារ​ក្រៅម៉ោងនៅគ្លីនិក International SOS Clinic ឬ Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ២០២០។

លោកស្រីធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តាំងពីឆ្នាំ២០១៣។

ឯកឧត្តម នេត មុន្នី
សមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ
តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តម នេត មុន្នី ត្រូវបាន​តែងតាំងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​ឆ្នាំ២០២៥។ បន្ថែម​ពី​នេះ ឯកឧត្តម ក៏មាន​តំណែង​ជា​ទីប្រឹក្សា​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ចាប់​​តាំង​ពី​ឆ្នាំ​២០១៥ ផងដែរ។

ឯកឧត្តម ធ្លាប់​កាន់តួនាទី​ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនជាប់ពន្ធនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៥។ មុន​នឹង​ទទួល​បាន​តួនាទី​នេះ ឯកឧត្តមក៏​​ធ្លាប់​កាន់តំណែង ជា​នាយក និង​ជា​ប្រធាន​ទី​មួយ​នៃ​នាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋផងដែរ។

ភារកិច្ចចម្បងរបស់ឯកឧត្តម រួមមានការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពប្រភពចំណូលមិនមែនសារពើពន្ធ ដូចជាទ្រព្យសម្បត្តិរដ្ឋ ថ្លៃសេវាសាធារណៈ និងថ្លៃសួយសារអាកររុករករ៉ែ ដែលសុទ្ធតែមានគោលបំណងពង្រឹងសមត្ថភាពសារពើពន្ធរបស់ប្រទេសជាតិ។

ឯកឧត្តម នេត មុន្នី បានបញ្ចប់ការសិក្សារ​ថ្នាក់​អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុពីសាកលវិទ្យាល័យ London នៅឆ្នាំ១៩៩៧។

ឯកឧត្តមបណ្ឌិត ធារ៉ា ហ៊ន
សមាជិក​ក្រុមប្រឹក្សាភិបាលមិន​ប្រតិបត្តិ
តំណាងមកពី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តមបណ្ឌិត ហ៊ន ធារ៉ា ត្រូវបានតែងតាំងជាអគ្គនាយកប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងឆ្នាំ២០២១។ ឯកឧត្តម ក៏បានបម្រើការងារនៅ MPTC ក្នុងតួនាទីជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

ឯកឧត្តម បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ Osaka ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ 2012។ ជំនាញ​សិក្សា និង​វិជ្ជាជីវៈ​របស់​លោក​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​ដូចជា​ហិរញ្ញប្បទាន​កសិកម្ម ផលិតភាព​សេវា​សាធារណៈ ប្រសិទ្ធភាព​ចំណាយ​របស់​រដ្ឋាភិបាល និង​ការ​អភិវឌ្ឍ​​ឧស្សាហកម្ម។

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ និង​សមាជិក​ក្រុមប្រឹក្សា​ភិបាលប្រតិបត្តិ​

លោក តូច ចៅចេក ជានាយកប្រតិបត្តិជាន់ខ្ពស់ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោកត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចាប់​តាំង​ពី​ធនាគារ​បង្កើត​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៣។ បន្ថែមពីលើតួនាទីនេះ បច្ចុប្បន្នលោក​ក៏​ជាអនុប្រធានក្រុមប្រឹក្សាភិបាល​ របស់​សមាគមធនាគារនៅកម្ពុជា (ABC) និងជាសមាជិក​ក្រុមប្រឹក្សាភិបាលរបស់​ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ធនាគារ​ ប្រៃសណីយ៍កម្ពុជា​ ក.អ។

មុនពេលចូលបម្រើការងារជាមួយធនាគារ​ ប្រៃសណីយ៍កម្ពុជា​ ក.អ លោកធ្លាប់​បានកាន់តួនាទីជាថ្នាក់​ដឹកនាំជាន់ខ្ពស់នៅ​ស្ថាប័ន​ជាច្រើន ដែលចុងក្រោយ​គេ លោក​មាន​តួនាទី​ ជាប្រធាននាយក​ប្រតិបត្តិ​ ប្រតិបត្តិការ ក្នុង​ធនាគារក្នុងស្រុកដ៏ធំមួយនៅ​កម្ពុជា។

លោកបានបញ្ចប់ការសិក្សារ​ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងបរិញ្ញាបត្រផ្នែកទីផ្សារ និងនិតិ​សាធារណៈផងដែរ។

លោក អ៊ូ សុផាន់ណារិទ្ធ
សមាជិក​ក្រុមប្រឹក្សាភិបាលមិន​ប្រតិបត្តិ

លោក អ៊ូ សុផាន់ណារិទ្ធ គឺជានាយកប្រតិបត្តិជាន់ខ្ពស់ក្នុងវិស័យធនាគារ និងធានារ៉ាប់រង នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្នលោកកំពុងបម្រើការជាប្រធាន​នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) នៃធនាគារកាណាឌីយ៉ា ។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ លោក​បាន​កាន់តំណែង​ជាថ្នាក់​ដឹកនាំជាន់​ខ្ពស់​ ក្នុង​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​​ជាច្រើនរបស់​គ្រុប​ និង​បានរួមចំណែក​យ៉ាងសំខាន់ ក្នុង​ភាពជាដៃគូយុទ្ធសាស្ត្រ និងគម្រោងធំៗនានា។

មុនពេលបំពេញតួនាទីបច្ចុប្បន្ន លោកបានបម្រើការងារ​ជា​គណនេយ្យករជំនាយ​ជាមួយក្រុមហ៊ុនអន្តរជាតិមួយនៅកម្ពុជា។ លោកជាសមាជិកជាន់ខ្ពស់មួយរូបនៃសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស និង​ជាសមាជិកវិទ្យាស្ថានគណនេយ្យករ និងសវនករ (KICPAA) នៃព្រះរាជាណាចក្រកម្ពុជា។

កញ្ញា តាំង សុខគាង
សមាជិក​ក្រុមប្រឹក្សាភិបាលមិន​ប្រតិបត្តិ

កញ្ញា តាំង សុខគាង ជានាយកប្រតិបត្តិជាន់ខ្ពស់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន កញ្ញា​ មានតួនាទីជាអនុប្រធាន ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួល​បន្ទុក​លើ​ គម្រោងវិនិយោគ ហានិភ័យ អភិបាលកិច្ច និងធានា និងការ​វិភាគពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយនឹងជំនាញយ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ កញ្ញា​ តាំង សុខគាង បាន​កាន់តំណែងជាថ្នាក់​ដឹកនាំជាន់​ខ្ពស់ ក្នុង​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ជាច្រើនរបស់គ្រុប និង​បាន​រួមចំណែកជា​ច្រើន ក្នុង​ការ​ជំរុញ​ការរីកចម្រើនជាយុទ្ធសាស្ត្រ និងសុចរិតភាពនៃប្រតិបត្តិការពាណិជ្ជកម្ម​។ មុន​ពេល​កាន់​តំណែង​បច្ចុប្បន្ន​នៅ​ក្រុមហ៊ុន OCIC កញ្ញា​​បាន​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិជាន់​ខ្ពស់​​នៅ​ធនាគារ​កាណាឌីយ៉ា ភីអិលស៊ី។

កញ្ញា តាំង សុខគាង​ បានបញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង (គណនេយ្យ និងហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី។

លោក GIANG SOVANN
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងមិនប្រតិបត្តិ

 លោក Giang Sovann ជាស្ថាបនិក និងប្រធានរបស់ Corporate Governance Academy និងបង្រៀននៅសាកលវិទ្យាល័យ Singapore Management និងសាកលវិទ្យាល័យ Social Sciences នៃប្រទេសសិង្ហបុរី ទៅលើមុខជំនាញជាច្រើនដូចជា ផ្នែកអភិបាលកិច្ចសាជីវកម្ម វិធានទីផ្សារហ៊ុនការគ្រប់គ្រងហានិភ័យ បម្រែបម្រួលអាកាសធាតុ និងរបាយការណ៍និរន្តរភាព។ លោកក៏បង្រៀនមុខវិជ្ជាអភិបាលកិច្ចសប្បុរសធម៌ នៅវិទ្យាស្ថាន Social Service និងវិទ្យាស្ថាន Chartered Accountants ក្នុងប្រទេសសិង្ហបុរី ផងដែរ។

លោក Giang Sovann ជានាយកជាន់ខ្ពស់ ផ្នែកក្រុមប្រឹក្សាអាជីវកម្ម នៃក្រុមហ៊ុន RSM ប្រទេសសិង្ហបុរី ជាប្រធាននៃអង្គភាពសេវា Environmental Sustainability និងជាប្រធាននាយករង នៃអង្គភាពមិនរកប្រាក់ចំណេញ។ លោកបានចងក្រងអត្ថបទជាច្រើនស្តីអំពីអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍និរន្តរភាពជាដើម។ គំនិតនៃការគ្រប់គ្រងរបស់លោក គឺស្តីអំពី “សសរស្តម្ភទាំង៤ នៃការត្រួតពិនិត្យសាជីវកម្មប្រកបដោយប្រសិទ្ធភាព” និង “គន្លឹះ៨ចំនុចនៃការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព” ហើយត្រូវបានក្រុមហ៊ុនជាច្រើនយកទៅអនុវត្តតាម។

លោក Giang Sovann ធ្លាប់ជានាយកប្រតិបត្តិ នៃវិទ្យាស្ថាន The Singapore Institute of Directors នៃប្រទេសសិង្ហបុរី ដែលជាទីកន្លែងដែលលោកបានបម្រើការជាសមាជិកនៃគណៈកម្មាធិការ Organizing Committee of the Singapore Corporate Award និងជាសហប្រធានគ្រប់គ្រងចាត់ចែងពានរង្វាន់សម្រាប់ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកមានបទពិសោធន៍ការងារជាង ១០ឆ្នាំ ក្នុងឋានៈជាអភិបាលឯករាជ្យ នៃក្រុមហ៊ុនចុះបញ្ជី SGX។ បទពិសោធន៍និងទំនួលខុសត្រូវជាចម្បងរបស់លោក គឺរួមមាន ប្រធានមិនប្រតិបត្តិគ្រប់គ្រងអភិបាលឯករាជ្យ ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃគណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងជាសមាជិកគណៈកម្មាធិការជ្រើសតាំងជាដើម។
លោក Giang Sovann មានលក្ខណៈគ្រប់គ្រាន់ជាគណនេយ្យករជំនាញ ពីវិទ្យាស្ថាន Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករជំនាញ និងជាសមាជិកនៃ Singapore Institute of Directors។ លោកធ្លាប់ជាសមាជិកនៃគណៈកម្មាធិការ បណ្តឹង & វិន័យ ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគណនេយ្យករសាធារណៈ និង Accounting & Corporate Regulatory Authority (ACRA)។

លោក Leow Ming Fong (Jimmy)
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងមិនប្រតិបត្តិ

លោក Jimmy ជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ភីអិលស៊ី នៅឆ្នាំ២០០៦ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនិងមិនប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា នៅឆ្នាំ២០២៤។ លោក គឺជាប្រធាននៃអនុគណៈកម្មាធិការផ្សេងៗនៃធនាគារទាំងពីរ។ លោកមានតួនាទីក្នុងការចូលរួមបង្កើតផែនការយុទ្ធសាស្រ្តរបស់ធនាគារ ដើម្បីការពារផលប្រយោជន៍របស់ភាគទុនិក ត្រួតពិនិត្យជាមួយសវនករផ្ទៃក្នុង និងខាងក្រៅអំពីផែនការសវនកម្ម វិសាលភាពការងារ ការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ ការឆ្លើយតបរបស់គណៈគ្រប់គ្រង និងលទ្ធផលនៃសវនកម្ម ដែលចងក្រងដោយសវនករផ្ទៃក្នុង និងខាងក្រៅ។ លោកក៏មានតួនាទី ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ និងពិនិត្យការគ្រប់គ្រងការងារដោយមានជំហរឯករាជ្យផងដែរ។

លោក Jimmy ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិនៃ Hap Seng Consolidated Berhad ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុន Jawala Incorporated ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនសិង្ហបុរីផងដែរ។ លោក Jimmy ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិភីអិលស៊ី និងក្រុមហ៊ុនធានារ៉ាប់រងដារ៉ាផងដែរ។