ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជរីកចម្រើនលឿនបំផុត និងឈានមុខគេមួយ ក្នុងចំណោមធនាគារធំៗទាំង១០នៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៦ (Glory 2026 – Best Retail Bank) » ពីស្ថាប័ន World Confederation of Business។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារ អញ្ជើញទៅទទួលពានរង្វាន់អន្តរជាតិនេះនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ស្ថាប័ន World Confederation of Business បានសម្រេចប្រគល់ពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៦នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ដោយបានត្រួតពិនិត្យ វាយតម្លៃខ្ពស់ទៅលើសមិទ្ធផល និងការធ្វើប្រតិបត្តិការបានយ៉ាងល្អរបស់ធនាគារ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនក្នុងឆ្នាំកន្លងមក។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារពិតជាមានការរំភើបរីករាយក្នុងការទទួលបានពានរង្វាន់ដ៏ពិសេសមួយនេះ ដែលបានសរបញ្ជាក់ពីការទទួលស្គាល់ជាអន្តរជាតិមកកាន់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបម្រើសេវាកម្មហិរញ្ញវត្ថុបានយ៉ាងល្អជូនអតិថិជនរបស់ខ្លួននាពេលកន្លងមក។ ធនាគារប្តេជ្ញាបន្តកែលម្អអភិវឌ្ឍន៍ផលិតផលប្រកបដោយភាពច្នៃប្រឌិត និងពង្រឹងសេវាកម្មអតិថិជនអោយកាន់តែល្អប្រសើរបន្ថែមទៀត។»
គួរបញ្ជាក់ផងដែរថាជារឿយៗ ធនាគារ ប្រៃសណីយ៍កម្ពុជា តែងទទួលបានប្រសិទ្ធនាម និងពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិពីស្ថាប័នល្បីៗជាច្រើន ហើយលើកនេះ ក៍ជាការទទួលពានរង្វាន់អន្តរជាតិ៤ឆ្នាំជាប់គ្នាពីស្ថាប័ន World Confederation of Business ផងដែរ។



