ខេត្តសៀមរាប ថ្ងៃទី 5–6 ខែមករា ឆ្នាំ 2019៖ CPBank ជាឈ្មោះដែលមានអក្សរកាត់មកពី ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (Cambodia Post Bank PLc.) ដែលជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗ ទាំង 10 នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីអបអរសាទរមហាសន្និបាទប្រចាំឆ្នាំ 2019 របស់ខ្លួននៅក្នុងសណ្ឋាគារ សោម៉ាទេវីអង្គរ នៃខេត្តសៀមរាប ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាច្រើនមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំនេះផងដែរ។
មហាសន្និបាទនេះបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរសមិទ្ធិផលដែលបានសម្រេចនៅក្នុងឆ្នាំ2018 និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2019។ ព្រឹត្តិការណ៍នេះក៏មានការរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកគ្រប់គ្រង និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឲ្យមានប្រសិទ្ធភាព។ ពិសេសជាងនេះទៅទៀត មហាសន្និបាទលើកនេះបានធ្វើការផ្តល់ជូនពានរង្វាន់ និងលិខិតសរសើរជូនមន្ត្រីឥណទានឆ្នើម ព្រមទាំងសាខាឆ្នើមប្រចាំឆ្នាំ2018 ជាច្រើនទៀត។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តនៃធនាគារ ប្រៃសណីយ៍ កម្ពុជា បានមានប្រសាស៍ថា៖ ការសម្រេចលទ្ធផលដ៏គាប់ប្រសើរសម្រាប់ឆ្នាំ ២០១៨ នេះដោយមានការប្តេជ្ញាចិត្តខ្ពស់របស់បុគ្គលិកធនាគារគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តការដោះស្រាយដោយមានចំណេះជំនាញច្បាស់លាស់ ព្រមទាំងអត់ធ្មត់ និងតស៊ូចំពោះការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត។
ឆ្លៀតឱកាសនេះ លោកប្រធាននាយកប្រតិបត្តិ បានសម្តែងដឹងគុណដល់ការខិតខំរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ អតិថិជនទាំងអស់ដែលនៅតែបន្តគាំទ្រ និងជឿជាក់លើផលិតផល និងសេវាកម្មរបស់ ធនាគារផង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរអណាព្យាបាលដែលតែងតែគាំទ្រដល់ប្រតិបត្តិរបស់ធនាគារ។ ធនាគារយើងមិនសម្រេចលទ្ធផលដ៏គាប់ប្រសើរបាននៅក្នុងឆ្នាំ ២០១៨ នេះបើគ្មានការចូលរួមពីបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងគាំទ្រពីអាជ្ញាធរពាក់ព័ន្ធទាំងអស់នោះឡើយ ជាពិសេស ធនាគារ ជាតិនៃ កម្ពុជា។ លោកប្រធាននាយកប្រតិបត្តិ ក៏បានថ្លែងអំណរអគុណផលដែរដល់ក្រុមប្រឹក្សាភិបាលដែលតែងតែផ្តល់ការណែនាំក្នុងមាគ៌ាដ៏ត្រឹមត្រូវដល់យើងខ្ញុំទាំងអស់គ្នាព្រមទាំងផ្តល់អោយយើងខ្ញុំនៅឯកភាពនៅក្នុងការប្រត្តិការងារ និងអនុវត្តការងារបានដោយរលូន។
ជាចុងបញ្ចប់ឆ្លៀតឱកាសនៅក្នុងឆ្នាំថ្មីឆ្នាំសកល ២០១៩ លោកប្រធាននាយកប្រតិបត្តិបានប្រសិទ្ធិពរជ័យ សិរីសួស្តីឲ្យទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនរុងរឿង ជោគជ័យ សិរីមង្គលតរៀងទៅ ព្រមទាំងសម្រេចផលតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្តុង្គឧត្តម កុំបីឃ្លៀងឃ្លាតឡើយ៕
វិដេអូខ្លីៗពី៊ព្រឹត្តិការណ៍មហាសន្និបាតប្រចាំឆ្នាំ 2019