ភ្នំពេញ – ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ – ធនាគារ ប្រៃសណីយ៍កម្ពុជា គឺជាធនាគារល្បីឈ្មោះមួយក្នុងចំណោមធនាគារធំៗទាំង ១០ នៅក្នុងព្រះរាជាណាចក្យកម្ពុជា លើការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់កំរិត ដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គម។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការប្រារព្ធពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូលើការផ្ដល់សេវាទូទាត់ និងសងប្រាក់កម្ចីពីអតិថិជនរបស់ធនាគារតាមរយៈ តារាផេ និងហ្វូណន មីក្រូហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងភាពជាដៃគូនេះបានបង្ហាញពីជំនឿចិត្តដ៍មុតមាំរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ជាមួយគ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ និងតារាផេ ក្នុងការធ្វើជាបណ្ដាញប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមសម្រាប់អតិថិជនទូទាត់សងប្រាក់កម្ចីទៅកាន់ធនាគារ។ ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅសណ្ឋាគារ Dara Airport និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិច្រើនជាង ១០០នាក់ មកពីស្ថាប័នទាំងបី ដោយមានទាំងថ្នាក់ដឹកនាំនៃស្ថាប័នទាំងបី និងបណ្ដាអ្នកសារព័ត៌មានផងដែរ។
តាមរយៈភាពជាដៃគូនេះ អតិថិជនទាំងអស់នឹងអាចទូទាត់សងប្រាក់កម្ចីទៅកាន់ធនាគារជាប្រាក់រៀល ឬប្រាក់ដុល្លារដោយងាយស្រួល និងសុវត្ថិភាពតាមរយៈភ្នាក់ងារតារាផេជាង ២៧០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខារបស់ធនាគារ ប្រៃសណីយ៏កម្ពុជា ឬហ្វូណន មីក្រូហិរញ្ញវត្ថុឡើយ អតិថិជនទាំងអស់អាចទូទាត់សងប្រាក់កម្ចីបាននៅភ្នាក់ងារណាមួយរបស់តារាផេដែលមានទីតាំងនៅជិតផ្ទះ ឬកន្លែងធ្វើការរបស់ពួកគាត់បាន។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ភុក រដ្ឋា ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ថា “DaraPay មានទស្សនៈវិជ្ជមានចំពោះទីផ្សារប្រទេសកម្ពុជា ហើយក្នុងឆ្នាំនេះដែរ ក្រុមហ៊ុនមានបំណងគ្របដណ្ដប់ទៅលើទីផ្សារសេវាទូទាត់ចល័តនៅប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងភាពជាដៃគូសហការគ្នាជាមួយធនាគារ ប្រៃសណីយ៏កម្ពុជា និងគ្រិះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុនៅថ្ងៃនេះបង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់យើងខ្ញុំក្នុងការបើកបង្ហាញពីទស្សនវិស័យរបស់យើងខ្ញុំ។ ប្រភេទនៃដំណោះស្រាយហិរញ្ញវត្ថុដែលស្ថិតនៅក្នុងគោលដៅចម្បងរបស់យើងខ្ញុំសម្រាប់ឆ្នាំ ២០១៩ នេះរួមមានការបង្កើតប្រព័ន្ធអេកូហិរញ្ញវត្ថុដែលអាចផ្តល់ភាពងាយស្រួលឲ្យអតិថិជនប្រើប្រាស់ផលិតផលហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់តារាផេទូទាំងប្រទេស ដោយរាប់ចាប់ពីការណែនាំកម្ចីទៅកាន់អតិថិជន សេវាទម្លាក់ប្រាក់កម្ចីជូនអតិថិជន សេវាប្រមូលប្រាក់កម្ចីត្រលប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុវិញ និង សេវាប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀតដោយអតិថិជនមិនចាំបាច់ទៅកាន់សាខាគ្រឹះស្ថានហិរញ្ញវត្ថុដោយផ្ទាល់។”
លោក ឃូ ប៊ុន ទ្រី ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ក្នុងនាមជាស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ឈាមមុខគេមួយនៅក្នុងប្រទេសកម្ពុជា គ្រិះស្ថានហ្វូណនមីក្រូហិរញ្ញវត្ថុមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងការរីកលូតលាស់នៃអាជីវកម្មរបស់ប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងទីក្រុងនានា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៅថ្ងៃនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្ដល់នូវដំណោះស្រាយនៃការទូទាត់សាច់ប្រាក់ដ៍ងាយស្រួល រហ័ស និងមានសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា។”
លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៏កម្ពុជាបានមានប្រសាសន៍ថា “តាមរយៈភាពជាដៃគូសហការគ្នានេះ អតិថិជនរបស់យើងអាចទូទាត់សងប្រាក់កម្ចីត្រលប់ទៅកាន់ធនាគារ ប្រៃសណីយ៏កម្ពុជាបានយ៉ាងងាយស្រួល តាមរយៈភ្នាក់ងារតារាផេដែលមាននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីលើនេះដែរ សេវាកម្មថ្មីនេះនឹងជួយដល់អតិថិជនដែលត្រូវការទូទាត់សងប្រាក់កម្ចី ក្នុងកំឡុងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចទូទាត់សងប្រាក់កម្ចីតាមរយៈតារាផេ App ផងដែរ ដែលផ្ដល់ឲ្យអតិថិជននូវភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត។ ជម្រើសម៉្យាងទៀត អតិថិជនអាចវេរលុយពីគណនីសន្សំ ឬគណីចរន្ដក្នុងធនាគារ ប្រៃសណីយ៏កម្ពុជាទៅកាបូបលុយអេឡិចត្រូនិកតារាផេ តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ ប្រៃសណីយ៏កម្ពុជា ឬវេរលុយពីកាបូបលុយអេឡិចត្រូនិកចល័តតារាផេទៅគណនីសន្សំ ឬគណនីចរន្ដក្នុងធនាគារប្រៃសណីយ៏កម្ពុជាតាមរយៈតារាផេ App ដោយឥតគិតថ្លៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។”
អំពី ធនាគារ ប្រៃសណីយ៍កម្ពុជា៖
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចាប់ផ្តើមប្រតិបត្តិការផ្តល់សេវាធនាគាររបស់ខ្លួនអស់រយៈពេល ៥ឆ្នាំកន្លងមកហើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ មក។ ធនាគារ ប្រៃសណីយ៍កម្ពុជា បាន និងកំពុងមានភាពរីកចម្រើនឥតឈប់ឈរលើវិស័យហិរញ្ញវត្ថុដោយបង្កើនអត្ថប្រយោជន៍ និងការផ្តល់ភាពងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជន តាមរយៈការវិនិយោគទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) មានដូចជា៖
- ការពង្រីកលើការផ្តល់សេវាទូទាត់រហ័ស (FAST),
- បណ្តាញប្រតិបត្តិការឆ្លងធនាគារ (CSS),
- អេធីអឹម ចំនួន ៦០កន្លែង
- សេវាធនាគារចល័ត (Mobile Banking)
- បណ្តាញប្រតិបត្តិការចំនួន ៥២សាខា ទូទាំងប្រទេស
ធនាគារ ប្រៃសណីយ៍កម្ពុជា មានកំណើនទ្រព្យសកម្មរបស់ខ្លួនរហូតដល់ ៧៤០លានដុល្លារ និងមានបុគ្គលិកបម្រើការងារចំនួន ១.៤៤១នាក់ ព្រមទាំងមានអត្រា Return on Equity (ROE) ចំនួន ១៣,៧០%។
លើសពីនេះទៅទៀត ធនាគារបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រឹកនូវសក្តានុពលរបស់ខ្លួន ដើម្បីធានាបាននូវភាពកាន់តែងាយស្រួលជូនដល់អតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវាធនាគារ នៅក្នុងឆ្នាំ ២០១៩ នេះ ដូចជាការផ្តល់នូវផលិតផល ប័ណ្ណឥណទាន វិសា (Visa Credit Card) ការធ្វើទំនើបកម្មបន្ថែមលើមុខងាររបស់សេវាធនាគារចល័ត និងការអនុវត្តន៍នូវប្រព័ន្ធ Loan Origination System (LOS)។
ធនាគារ ប្រៃសនីយ៍កម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធ៌ម វិជ្ជាជីវៈ ប្រកបដោយបទដ្ឋានស្តង់ដារការងារខ្ពស់ ពង្រឹងលើសេវាបម្រើអតិថិជនល្អប្រសើរ និងការផ្ដល់ជូនសេវាកម្ម និងផលិតផលធនាគារថ្មីៗបន្ថែមទៀត ដើម្បីចូលរួមបង្កើនជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។