សេចក្តីថ្លែងការណ៍ពីប្រធាននាយកប្រតិបត្តិ
លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

“កំណត់គោលដៅច្បាស់លាស់ គ្រប់គ្រងស្ថានការណ៍បានល្អ នោះជោគជ័យនៅជាមួយយើងជានិច្ច”
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ពិតជាមានមោទកភាពក្នុងការប្រកាសថា ក្នុងឆ្នាំ២០២៤ ធនាគារបានរក្សាភាពធន់របស់ខ្លួន ដោយបានកំណត់យុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការចាប់យកឱកាសថ្មីៗ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះបីជាស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបានប្រែប្រួលយ៉ាងឆាប់រហ័ស ទីផ្សារអចលនវត្ថុនៅទ្រឹង ស្ថានភាពភូមិសាស្ត្រនយោបាយសកលមិនច្បាស់លាស់ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នៅតែបន្តអូសបន្លាយក៏ដោយ ក៏ធនាគារនៅតែអាចទទួលបានប្រាក់ចំណេញសរុប ១៧,៧លានដុល្លារអាមេរិក ដែលបង្ហាញពីសមត្ថភាពក្នុងការបត់បែន និងសម្របខ្លួនទៅតាមស្ថានភាពនានា ធ្វើឱ្យធនាគារទទួលបានលទ្ធផលគួរឱ្យកោតសរសើរ។ ការទទួលបានអត្រាប្រាក់ចំណេញធៀបនឹងដើមទុន៨.៣២% ក្នុងឆ្នាំ២០២៤ បានបង្ហាញថា ធនាគារមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងបានគ្រប់គ្រងប្រតិបត្តិការធនាគារប្រកបដោយភាពបត់បែន និងប្រសិទ្ធភាពខ្ពស់ បើទោះបីជាប្រាក់ចំណេញប្រចាំឆ្នាំត្រូវថមថយបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដោយសារធនាគារត្រូវរ៉ាប់រ៉ងចំណាយលើថ្លៃដើមច្រើនជាងមុន ដែលបណ្តាលមកពីការកើនឡើងនៃសមតុល្យប្រាក់បញ្ញើសន្សំពី
សាធារណជនប្រហែល១៥% លើសពីផែនការប្រចាំឆ្នាំ ហើយនេះក៏ជាសញ្ញាល្អសម្រាប់ធនាគារ ដែលបញ្ជាក់ថាអតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ឡើងៗមកលើធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ ផងដែរ។
ជារួមក្នុងឆ្នាំ២០២៤ ធនាគារបានរីកចម្រើនទ្រព្យសកម្ម ១៩,៧% សមតុល្យប្រាក់បញ្ញើសន្សំ ២៤% និងសមតុល្យប្រាក់កម្ចី ៩% ព្រោះធនាគារអាចបំពេញតាមគ្រប់តម្រូវការទីផ្សារ តាមរយៈផលិតផលដ៏សម្បូរបែប សេវាកម្មឌីជីថលដ៏ទំនើប និងការជ្រៀតចូលទីផ្សារថ្មីតាមរយៈសាខាទាំង៦៤ទីតាំង ។ ធនាគារមានការប្តេជ្ញាចិត្តខ្ពស់ចំពោះបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយបានបង្កើតផលិតផលច្រើនចម្រុះ សាមញ្ញៗ ងាយយល់ ស្រួលប្រើប្រាស់ ទៅតាមតម្រូវការរបស់អតិថិជនទាំងសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ និងសេវាទូទាត់។
ទន្ទឹមនឹងនេះ ធនាគារក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរដូចជា ទីផ្សារអចលនវត្ថុនៅទ្រឹង កំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់ការសងត្រឡប់មកធនាគារវិញ ធ្វើឱ្យអត្រាយឺតយ៉ាវសងមិនទៀងទាត់មិនបានថមថយ ប៉ះពាល់ដល់ការចំណាយលើឥណទានមិនដំណើរការច្រើនជាងមុន ស្របជាមួយនឹងការដំឡើងអត្រាការប្រាក់គោលរបស់រតនាគារសហរដ្ឋអាមេរិក ដែលជាផ្នែកមួយធ្វើឱ្យអត្រាការប្រាក់បញ្ញើសន្សំនៅប្រទេសកម្ពុជា បន្តកើនឡើងផងដែរនៅដើមឆ្នាំ ហេតុនេះធ្វើឱ្យធនាគារត្រូវរ៉ាប់រងថ្លៃដើមកាន់តែខ្ពស់ថែមទៀត។
ក្នុងឆ្នាំខាងមុខនេះ ធនាគារបានដាក់ផែនការរក្សាកំណើន និងបង្កើនអត្រាប្រាក់ចំណេញដើម្បីរក្សានិរន្តរភាពរបស់ធនាគារ ចូលរួមចំណែកក្នុងការការពារបរិស្ថានសង្គម និងការពារអតិថិជន ក្នុងគោលដៅច្បាស់លាស់គឺ និរន្តរភាពបរិស្ថានសង្គម អតិថិជន បុគ្គលិក និងធនាគារ។ ដើម្បីឱ្យកាន់តែមានភាពងាយស្រួល សាមញ្ញ ធនាគារនឹងវិនិយោគបន្ថែមលើប្រព័ន្ធឌីជីថល ដែលនឹងផ្តល់បទពិសោធន៍កាន់តែប្រសើរជូនអតិថិជន និងតាមឱ្យទាន់បច្ចេកវិទ្យា fintech ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ធនាគារផងដែរ។ ការធ្វើពិពិធកម្មប្រភពដើមទុន និងរៀបចំឱ្យមានផលិតផលប្រាក់បញ្ញើសន្សំជាច្រើនប្រភេទផ្សេងៗគ្នា ជួយបន្ធូរបន្ថយថ្លៃដើម និងទាក់ទាញអតិថិជនថ្មីបន្ថែមទៀតអោយងាកមកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ។ ធនាគារនឹងពង្រឹងបន្ថែមទៀតលើការគ្រប់គ្រងហានិភ័យ ដោយពង្រឹងក្របខ័ណ្ឌហានិភ័យឥណទាន និងការគ្រប់គ្រងសន្ទនីយភាព ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាណាមួយ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងនាពេលអនាគត។
សមិទ្ធផលទាំងអស់របស់ធនាគារនៅក្នុងឆ្នាំ២០២៤ អាចសម្រេចបានក៏ដោយសារការខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និងការបន្តគាំទ្រស្រលាញ់ចូលចិត្តរបស់អតិថិជន ការជ្រោមជ្រែងពីម្ចាស់ភាគទុនិក និងស្ថាប័ននិយ័តករទាំងអស់។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការជឿជាក់ និងគាំទ្រធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កន្លងមកផងដែរ។