នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ប្រៃសណីយកម្ពុជា ក.អ បានប្រារព្ធពិធីដាក់បិណ្ឌវេនទី ១ នៅវត្តឧប្បលជោត្តនារាម ហៅវត្តភ្នួន ដែលមានទីតាំងស្ថិតនៅក្នុង ឃុំអណ្តូងរម៉េញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីឧទិ្ទសកុសលជូនដល់ មាតា បិតា ជីដូន ជីតា ដែលបានទៅចែកឋានទៅកាន់បរមលោក និងបួងសួងសុំសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូរណ៍ និងជាពិសេសបួងសួងដល់ មាតា បិតា ជីដូន ជីតា ដែលបានចែកឋានទៅហើយនោះឲ្យបានទៅដល់ទីស្ងប់សុខ។
ជារៀងរាល់ឆ្នាំ នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារទាំងអស់តែងតែបានចូលរួមពិធីបុណ្យកាន់បិណ្ឌ និងប្រគេនតិយទានផ្សេងៗដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ មាតា បិតា ជីដូន ជីតា និងបួងសួងសុំសេចក្តីសុខ សុភមង្គលសម្រាប់ក្រុមគ្រួសារ។
ក្នុងឱកាសនេះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បាននាំយកនូវតិយទានមួយចំនួនដើម្បីប្រគេនជូនដល់ព្រះសង្ឃដែលគង់នៅចាំព្រះវស្សាដែលមានដូចជា៖ ស្លាដក ១០ អង្ករ ១០បាវ ទឹកផ្លែឈើ ២០កេស ទឹកស៊ីអ៊ីវ ១០យួរ ប្រេងឆាដបធំ ៥យួរ ម៉ីកញ្ចប់ ១០កេស ទឹកបរិសុទ្ធ ១៥កេស ត្រីខ ៥យួរ ទឹកដោះគោខាប់ ៥ឡូរ និងបច្ច័យចំនួន ១.៣១0.000ម៉ឺនរៀលផងដែរ។