Message from the Chairman
អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧% ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនបំផុតមួយ នៅលើពិភពលោក។ វិស័យសេវាកម្ម បានរួមចំណែក ៣៨.៩% នៃផលិតផលក្នុងស្រុកសរុប ខណៈវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម រួមចំណែក ៣៤,២% និង២០,៧% នៃផលិតផលក្នុងស្រុកសរុប។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (LMI) ក្នុងឆ្នាំ ២០១៥ នេះបើយោងតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក ហើយគ្រោងនឹងងើបពីវិបត្តិកូវីដ-១៩ឡើងវិញ និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០។ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះដល់ -៣.១% ប៉ុន្តែបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២១ បានស្ទុះងើបឡើងវិញ ជាមួយនឹងការព្យាករណ៍កំណើនពី ២.២% ទៅ ៣% ។ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ត្រូវបានគេព្យាករណ៍ថា នឹងកើនពី ៤.៥% ទៅ ៥.៥%។ យោងតាមធនាគារជាតិ នៃកម្ពុជា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ១,៨៤២ដុល្លារ ក្នុងឆ្នាំ២០២២ ដោយកើនឡើង ៦.៤% បើធៀបនឹងឆ្នាំ ២០២១។
យើងទាំងអស់គ្នាបានប្រឈមមុខនឹងវិបត្តិសុខភាពសកល ដែលបង្កឡើងដោយកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងខ្លាំង។ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងនេះក៏ដោយ ក៏អត្រាអតិផរណា កំណើនឥណទានធនាគារ និងគុណភាពឥណទានរបស់យើង នៅតែមានស្ថិរភាពក្នុងអំឡុងពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពតម្លៃទំនិញ និងភាពធន់នៅក្នុងប្រព័ន្ធធនាគារឱ្យមានស្ថិរភាព តាមរយៈវិធានការបង្ការនានា ក្នុងរយៈពេញមួយឆ្នាំ២០២១។
ខ្ញុំជឿថា ការបន្តរាតត្បាតនៃជំងឺនេះមិនត្រឹមតែបង្កើតភាពមិនប្រាកដប្រជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ ឱ្យយើងនូវឱកាសក្នុងការច្នៃប្រឌិត ដើម្បីបម្រើអតិថិជនរបស់យើង កាន់តែប្រសើរឡើង។ យើងបានឃើញការផ្លាស់ប្តូរបែបឌីជីថលជាច្រើន បានកើតឡើងនៅក្នុងឧស្សាហកម្មនានាក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏មាន ធនាគារប្រៃសណីយ៍កម្ពុជា ផងដែរ។ យើងបានសង្កេតឃើញថា បណ្តាញឌីជីថលរបស់យើង បានរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២១ ជាពិសេសផ្នែក ATM និងសេវាធនាគារចល័ត ដែលប្រតិបត្តិការឌីជីថលសរុបបានកើនឡើងចំនួន ៧២% នៃប្រតិបត្តិការក្នុងឆ្នាំចាស់ និង ១៤១% នៃចំនួនទឹកប្រាក់ បើធៀបនឹងឆ្នាំចាស់។ យើងក៏បានធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធបើកគណនីអនឡាញរបស់យើង និងបន្តបន្ថែមមុខងារមួយទៀត គឺ e-KYC ដើម្បីធ្វើឱ្យសេវាកម្មនេះកាន់តែរហ័ស។ គំនិតផ្តួចផ្តើមទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងសម្រាប់បរិយាប័នហិរញ្ញវត្ថុឲ្យកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា។
យើងសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមងើបឡើងវិញក្នុងឆ្នាំ ២០២១ ជាមួយនឹងគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការដាក់ចេញនូវគម្រោងលើកទឹកចិត្តនានា គម្រោងសហហិរញ្ញប្បទានពីធនាគារសហគ្រាសធុនតូច និងមធ្យម និងគម្រោងធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ។ល។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បានជាប់គាំងរហូតដល់ត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅថ្ងៃទី ២១ ខែកុម្ភៈ។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានរក្សាតារាងតុល្យការនៃទ្រព្យសកម្មសរុប ១.១ប៊ីលានដុល្លារអាមេរិក ដែលផលប័ត្រប្រាក់កម្ចីកើនឡើង ២៨% និងប្រាក់ចំណេញ ១៣.៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ទោះបីជាមានការរំខានផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ។ ធនាគារ ប្រៃសណីយ៍កម្ពុជា បានបង្កើនចំនួនម៉ាស៊ីន ATM ទូទាំងប្រទេសរហូតដល់ទៅ ៨៩ទីតាំង ដែលក្នុងនោះមានម៉ាស៊ីនដាក់ប្រាក់ចំនួន ៥ទីតាំង ដើម្បីធានាបាននូវលទ្ធភាពប្រើប្រាស់កាន់តែប្រសើរឡើង សម្រាប់អតិថិជនរបស់យើង។ យើងបានគ្រប់គ្រង លំហូរសាច់ប្រាក់ និងដើមទុន ប្រកបដោយប្រសិទ្ធភាពខ្ពស់ពេញមួយឆ្នាំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានរីកចម្រើន ជាមួយនឹងកំណើនលើផលប័ត្រប្រាក់កម្ចីរបស់ពួកគេក្នុងឆ្នាំ ២០២១ ផងដែរ។ ធនាគារក៏បានពង្រឹងភាពជាដៃគូជាមួយអ្នកផ្តល់សេវាមួយចំនួនដូចជា ទ្រូម៉ាន់នី អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់សងប្រាក់កម្ចីប្រចាំខែ និងទូទាត់វិក្កយបត្រនានាដោយមិនចាំបាច់ទៅសាខាធនាគារឡើយ។
ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលឃើញប្រព័ន្ធផ្តល់ប្រាក់កម្ចីបែបឌីជីថល របស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នៅគ្រប់សាខាទាំងអស់របស់យើង។ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ មិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសន្សំសំចៃការប្រើប្រាស់ក្រដាសបានយ៉ាងច្រើននៅក្នុងធនាគារផងដែរ។ នេះគឺជាការប្តេជ្ញាចិត្តមួយទៀតរបស់យើងចំពោះបរិស្ថាន និងនិរន្តរភាព។ ធនាគារ ប្រៃសណីយ៍កម្ពុជា បានសម្រេចនូវសមិទ្ធផលមួយទៀតក្នុងឆ្នាំ២០២១ ដោយបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងព្រឹត្តិការណ៍ (SIEM) ដើម្បីធានាសុវត្ថិភាពប្រព័ន្ធឌីជីថលរបស់ធនាគារ សម្រាប់អតិថិជនរបស់យើង។ ធនាគារក៏បានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូលរបស់ខ្លួននៅឆ្នាំ ២០២១ ហើយរំពឹងថានឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២២។ ប្រព័ន្ធនេះនឹងបង្កើនសមត្ថភាពរបស់ធនាគារក្នុងការផ្តល់នូវបទពិសោធន៍ល្អប្រសើរជូនអតិថិជន តាមរយៈបណ្តាញចែកចាយផ្សេងៗ។ ខ្ញុំពិតជារីករាយ ដែលគណៈគ្រប់គ្រងជាន់ខ្ពស់ទាំងអស់របស់ធនាគារ បានខិតខំធ្វើការយ៉ាងសស្រាក់សស្រំា ដើម្បីរក្សាបរិយាកាសអាជីវកម្មរបស់យើងឱ្យមានសុវត្ថិភាពសម្រាប់អតិថិជន និងបុគ្គលិករបស់យើងទាំងអស់។
ខ្ញុំសូមថ្លែងអំណរគុណ ចំពោះភាគទុនិកសម្រាប់បន្តការជឿទុកចិត្ត និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការណែនាំ ដល់គណៈគ្រប់គ្រងធនាគារ ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។ ខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ននិយតករ ជាពិសេសធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល សម្រាប់ការគាំទ្រ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការឆ្លើយតប និងការផ្លាស់ប្តូរទាន់ពេលវេលាជាបន្តបន្ទាប់ របស់ប្រជាជនកម្ពុជា និងការជឿទុកចិត្តពីអតិថិជនរបស់យើង យើងអាចឆ្លងផុតពីព្យុះភ្លៀងនេះ និងធ្វើឲ្យខ្លួនយើងកាន់តែខ្លាំងជាងមុន។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់របស់ធនាគារ សម្រាប់ការទុកចិត្ត និងការគាំទ្រឥតងាករេ។
ជាចុងក្រោយ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបុគ្គលិកជួរមុខ និងអ្នកផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅផ្នែកផ្សេងៗ ដែលបានដាក់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ប្រឈមមុខនឹងហានិភ័យ តាមរយៈការបំពេញភារកិច្ចរបស់ខ្លួន ក្នុងពេលវេលាដ៏លំបាកនេះ។ ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជា នឹងងើបឡើងវិញក្នុងនាមជាប្រទេសដែលនឹងមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយ ហើយយើងនឹងឃើញប្រទេសកម្ពុជា រីកចម្រើនកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ។