ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមអបអរសាទរខួបទី ៣៩ នៃទិវាប្រាក់រៀល

ដើម្បីអបអរ​សាទរ​ទិវា​ប្រាក់​រៀល​ខួបលើក​ទី​ ៣៩ ​នៃ​ការ​​ដាក់​​ឲ្យ​​ចរាចរ​​ប្រាក់​​រៀល​​ឡើង​វិញ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរនៅគ្រប់អាជីវកម្មទាំងអស់។​

ធនាគារ​បាន​ធ្វើ​ការ​ជា​មួយ​ធនាគារ​ជាតិ ​នៃកម្ពុជា​ និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត ដោយបាន​បង្កើត​នូវ​​​សេវា​កម្ម​ថ្មី ដែល​មាន​ឈ្មោះ​ថា «សេវា​ទូទាត់​រហ័ស» ដែល​អនុញ្ញាត​ឲ្យ​ធនាគារ​​ និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុទទួល​ប្រាក់​បញ្ញើ​​ទាំងអស់ អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ​និង​ទូទាត់​ប្រាក់​ជា​ប្រាក់​រៀល​ឆ្លង​គ្រឹះស្ថាន​ សម្រាប់​អតិថិជន​របស់​ខ្លួន​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។ ជា​មួយ​គ្នា​នេះ​​ដែរ ​ធនាគារបាន​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ សេវាធ្វើប្រតិបត្តិការឆ្លងធនាគារ ​(Cambodian Shared Switch​) ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើ​ប្រាស់​ប័ណ្ណ​អេធីអឹម ​ដក​ប្រាក់ ឬ​ទូទាត់​ចំណាយ​ឆ្លង​ធនាគារ​ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ដែលមានសមាជិកដូចជា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ ស្ថាបនា លីមីតធិត និងធនាគារ អេស៊ីលីដា ភីអិលស៊ី។

ធនាគារក៏បានជម្រុញ​​ឲ្យ​មាន​​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​គ្រប់​ប្រតិបត្តិការ​នៃ​ការផ្ដល់​​សេវាកម្ម​របស់​ខ្លួន​ដូចជា សេវាឥណទាន បញ្ញើសន្សំ ​ផ្ទេរប្រាក់ ​ប្តូរប្រាក់ ​អេធីអឹម (ATM)  ​សេវាធនាគារ​ចល័ត (Mobile Banking)  ​សេវាបើក​ប្រាក់​បៀវត្ស​ និង​សេវាផ្សេងៗ​ទៀត​ផងដែរ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានសំពាធឥណទានជាប្រាក់រៀលរហូតដល់ ៨% នៃសំពាធឥណទានសរុបរបស់ខ្លួន ដែលបើតាមការកំណត់របស់ធនាគារជាតិ នៃកម្ពុជា គឺតម្រូវគ្រឹះស្ថាន មានសំពាធឥណទានរបស់ខ្លួនយ៉ាងយោចណាស់ ១០% នៃសំពាធឥណទានសរុប។

នា​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ​៣៩​ នៃ​ការ​ដាក់​ឲ្យ​ចរាចរណ៍​ប្រាក់​រៀល​ឡើង​វិញ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ​ ​សូម​ប្រសិទ្ធ​ពរជ័យ​ សិរីបវរ​ និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​ជាតិ នៃ​កម្ពុជា​ និងអាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ឲ្យ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​។​ ​

​ជាមួយ​គ្នា​នេះ​ដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អតិថិជន​ដែល​បាននឹង​បន្ត​ការ​ប្រើប្រាស់​សេវាកម្ម​របស់ធនាគារ​ និង​សូម​ជូនពរ​ជ័យ​ដល់​អតិថិជន​ទាំង​អស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារៈកិច្ច​ និង​បន្តការរីកចម្រើន​ជា​មួយគ្នា​ប្រកប​ដោយ​និរន្តភាព។