ព្រឹត្តិការណ៍បិទវគ្គប្រកួតបាល់ទាត់ពានរង្វាន់ ធនាគារ ប្រៃសណីយ៍កម្ពុជា

នាពេលបច្ចុប្បន្នកីឡាបាល់ទាត់កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា មនុស្សភាគច្រើនលេងកីឡាដើម្បីថែរក្សាសុខភាព បង្កើនចំណងមិត្តភាព និងសាមគ្គីភាពជាដើម។ ដោយឡែកធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ធនាគារដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ តាំងពីវគ្គដំបូង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់វគ្គផ្តាច់ព្រ័ត្រថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នេះ។

ព្រឹត្តិការណ៍បិទវគ្គប្រកួតបាល់ទាត់ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០នេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា និងមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកជាច្រើនផងដែរ។ ក្នុងព្រឹត្តការនោះមានក្រុមបាល់ទាត់ចំនួនបួនក្រុមដែលបានធ្វើការប្រកួតដណ្តើមជ័យលាភីរួមមាន ប្រកួតទី ១ រវាងក្រុមបាល់ទាត់ទីស្នាក់ការកណ្តាល ប្រកួតជាមួយក្រុមបាល់ទាត់សាខាខេត្តតាកែវ ដណ្តើមយកចំណាត់ថ្នាក់លេខ១ និងលេខ២ និងប្រកួតទី ២ រវាងក្រុមបាល់ទាត់សាខាខេត្តស្វាយរៀង ប្រកួតជាមួយក្រុមបាល់ទាត់សាខាខេត្តបាត់ដំបង ដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤។

ដំណើរការប្រកួតប្រកបដោយភាពស្វិតស្វាញ និងបច្ចេកទេសខ្ពស់ពីសំណាក់ក្រុមកីឡាករទាំងពីរប្រកួត ជាលទ្ធផលក្រុមបាល់ទាត់ខេត្តតាកែវទទួលបានជ័យលាភីលេខ១ ក្រុមបាល់ទាត់ទីស្នាក់ការកណ្តាលទទួលបានចំណាត់ថ្នាក់លេខ២ ក្រុមបាល់ទាត់ខេត្តស្វាយរៀងទទួលបានចំណាត់ថា្នក់លេខ៣ និងក្រុមបាល់ទាត់សាខាខេត្តបាត់ដំបងទទួលបានចំណាត់លេខ៤។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ក្នុងពិធីបិទវគ្គនេះថា ‘‘វិស័យកីឡាកាន់តែរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាគ្រួសារនៃធនាគារ ប្រៃសណីយ៍កម្ពុជា ដែលតែងតែគាំទ្រ និងស្រលាញ់វិស័យកីឡា ចូរនាំគ្នាលេងកីឡាទាំងអស់គ្នាដើម្បីនាំមកនូវសុខភាព មិត្តភាព និងចំណងសាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។