ធនាគារ ប្រៃសណីយ៍កម្ពុជា បានឧបត្ថម្ភបង់អង្គុយជូនដល់សាលា ស្រុកសំឡូត ខេត្តបាត់ដំបង

នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកតូច​ ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា និងមន្ត្រីសាខាជាច្រើនរូបបាន​ធ្វើដំណើរឆ្ពោះទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបងដើម្បីធ្វើការប្រគល់ជូនបង់អង្គុយដើម្បីជាការឧបត្ថម្ភទៅដល់ សាលាស្រុកសំឡូតក្នុងការដាក់បម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅតាមបណ្តាឃុំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

គោលបំណងនៃការឧបត្ថម្ភបង់អង្គុយនេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍក្នុងសហគមន៍។ ជាក់ស្តែងធនាគារ ​ប្រៃសណីយ៍កម្ពុជា តែងតែបានប្រើប្រាស់​​ប្រាក់​ចំណេញ​មួយចំណែករបស់ខ្លួន សម្រាប់បរិច្ចាកជាទឹកប្រាក់  បង់អង្គុយ សម្ភារៈសិក្សា បរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងដល់​មន្ទីរពេទ្យ សាលារៀន កិច្ច​ការសង្គម​ និង​មនុស្សធម៍​ផ្សេងៗ​ជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាពសង្គម និងជួយសម្រួលដល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋ​ទូទាំងប្រទេស។

ធនាគារ ប្រៃសណីយ៍កម្ពុជា មាន​សេចក្តីរីករាយ​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យសណ្តាប់ធ្នាប់សាធារណៈនៅ​ក្នុង​ប្រទេសកម្ពុជាយើង ដោយពិធី​ប្រគល់បង់អង្គុយ​​នេះ​ ​គឺបាន​ឆ្លុះបញ្ចាំង​ពី​ទំនួល​ខុស​ត្រូវ​របស់ធនាគារ​ចំពោះ​សង្គម និងប្តេជ្ញា​ចិត្តយ៉ាងមុតមាំក្នុង​ការ​សម្រេច​គោលដៅក្នុងការជួយ និងអភិវឌ្ឍន៍​សង្គមជាតិ។