ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភ “គម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដំណាក់កាលទី៣”

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ មានកត្តិយសដែល​បានចូលរួម​សហការជាមួយ​ ធនាគារជាតិ នៃ​កម្ពុជា ក្នុង​ការ​ឧបត្ថម្ភ “គម្រោងបញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធីសិក្សា​ចំណេះទូទៅ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា​ ដំណាក់កាលទី៣” ដែល​ជា​ដំណាក់កាលចុងក្រោយ​មាន​រយៈពេល​បី​ឆ្នាំ​ គឺចាប់ផ្តើម​ពី​ឆ្នាំ​២០២៤ រហូតដល់​ឆ្នាំ ២០២៦។

ក្នុងដំណាក់កាលទី​៣នេះ ការងារជា​អាទិភាព​ គឺ​ការ​បញ្រ្ជាប​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ថ្នាក់ចំនួន​ប្រាំពីរ (ថ្នាក់ទី​៥, ៦, ៨, ៩, ១០, ១១ និង​១២) ដោយ​ផ្តោត​លើ​មុខវិជ្ជា​ចំនួន​៤គឺ គណិតវិទ្យា ពលរដ្ឋ​វិទ្យា គេហសេដ្ឋកិច្ច និង​បំណិតជីវិត, ការបណ្តុះ​បណ្តាល​គ្រូបង្គោល, និង​ការ​ធ្វើតេស្តសាកល្បង​នៅតាម​សាលារៀន​ជាក់ស្តែង។

ការ​ចូលរួម​របស់​ធគារគារប្រៃសណីយ៍កម្ពុជា ក.អ ក្នុង​គម្រោង​នេះ បង្ហាញ​នូវការ​ប្តេជ្ញាចិត្តរួមគ្នា និង​ឆ្លុះ​បញ្ជាំងពីកិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​បណ្តុះ​ជំនាញ​ហិរញ្ញវត្ថុសំខាន់ៗដល់​សិស្សានុសិស្ស​ ដូចជា​ ការយល់ដឹងអំពីប្រាក់​ ការវិនិយោគ និង​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ចាប់​ពីវ័យកុមារ ដើម្បី​ឱ្យ​សិស្សានុសិស្ស​មាន​សមត្ថភាព​ក្នុង​ការ​​ការសម្រេចចិត្ត​ត្រឹមត្រូវ​ផ្នែក​ហិរញ្ញវត្ថុ។

លើសពីនេះ ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធីសិក្សា​ចំណេះទូទៅ ជា​វិធី​សាស្ត្រ​រួម ​ដែល​នឹងជួយ​បណ្តុះស្មារតី​នៃការ​ទទួល​ខុសត្រូវ ការ​គិត​ពិចារណា និង​ជំនាញ​ដោះស្រាយ​បញ្ហា​ ដែល​ជា​គុណ​សម្បត្តិ​ដ៏មាន​តម្លៃ​សម្រាប់​ភាព​ជោគជ័យ​របស់​បុគ្គលម្នាក់ៗ។