ប្រវត្តិជោគជ័យរបស់អ្នកលក់ក្រឡានដ៍ល្បី ក្នុងខេត្តក្រចេះ

លោកស្រី ពិន បុប្ផា អាយុ ៣៧ឆ្នាំ មានស្វាមីឈ្មោះ ពៅ សុភាន់ គាត់មានកូន ០៣នាក់ ប្រុស​ ០១នាក់ និងស្រី ០២នាក់។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

សព្វថ្ងៃគាត់កំពុងប្រកបរបរលក់ក្រឡាន និងខ្ចប់ណែមស្លឹកចេក ចំណែកឯប្តីរបស់គាត់ជាជាងជួសជុលម៉ូតូ-កង់។

ភូមិថ្មគ្រែលើ ត្រូវបានចាត់ជាតំបន់រមណីយដ្ឋាន «ភូមិមួយផលិតផលមួយ​ (ក្រឡានថ្មគ្រែ)» ដែលជាទីតាំងមានរមណីយដ្ឋាន ចំនួន​ ០៣កន្លែងនៅតាមដងផ្លូវតែមួយ រួមមានរមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានព្រែកកាំពី និងរមណីយដ្ឋានវិហារសសរ១០០។

ដោយមើលឃើញឱកាសក្នុងការប្រកបរបរសម្រាប់គ្រួសារ និងអត្ថប្រយោជន៍បានមកពីសក្តានុពលរបស់ភ្ញៀវទេសចរឆ្លងកាត់ គាត់ក៏សម្រេចចិត្តបើកមុខរបរលក់ក្រឡាន ចាប់តាំងពីឆ្នាំ២0១៤មកម៉្លេះ។ ភ្ញៀវទេសចរភាគច្រើនដែលឆ្លងកាត់ទីនេះតែងតែឈប់ទិញក្រឡានយកទៅញ៉ាំ ឬផ្ញើឲ្យបងប្អូន មិនត្រឹមតែប៉ុណ្ណោះក៏មានម៉ូយជាច្រើនកម្មង់ក្រឡានគាត់ផ្ញើទៅតាមខេត្តនានាទូទាំងប្រទេសផងដែរ។

ថ្ងៃមួយបុគ្គលិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការផ្សព្វផ្សាយអំពីសេវាកម្ម និងផលិតផលរបស់ធនាគារជូនដល់ពួកគាត់។​ ដោយជំនឿទុកចិត្តខ្ពស់លើធនាគារ ពួកគាត់ក៏បានសម្រចចិត្តប្រើប្រាស់ប្រាក់កម្ចីជាលើកដំបូងជាមួយធនាគារ នៅខែឧសភា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀលគត់) ដើម្បីយកទៅបន្ថែមលើមុខរបរប្តីរបស់គាត់សម្រាប់ទិញគ្រឿងបន្លាស់ម៉ូតូ-កង់។

ដោយមុខរបរប្តីរបស់គាត់មានការរីចម្រើន គាត់ក៏បានដាក់ពាក្យស្នើមកធនាគារ ប្រៃសណីយ៍កម្ពុជា ជាលើកទីពីរនៅ ខែកក្កដា ឆ្នាំ២០១៩ ក្នុងចំនួនទឹកប្រាក់ ២១,០០០,០០០ រៀល (ម្ភៃមួយលានរៀលគត់) សម្រាប់ទិញគ្រឿងបន្លាស់បន្ថែមទៀតដើម្បីជុសជុលម៉ូតូ-កង់។​ មុខរបររបស់គាត់ និងស្វាមីកាន់តែរីកដុះដាលធំជាងមុន ចំណែកឯប្រាក់ចំណូលក៏ទទួលបានកាន់តែច្រើនជាងមុនដែរ។

ឥឡូវនេះគាត់បានប្រើប្រាស់នូវការទូទាត់តាមរយៈការស្កេន QR Code ដែលជាកត្តានាំឲ្យការទូទាត់របស់គាត់កាន់តែប្រសើរឡើងមួយកម្រិតទៀត។

ពួកគាត់ពិតជាមានការសប្បាយចិត្តជាខ្លាំង និងអរគុណដល់ធនាគារ ដែលបានផ្តល់ប្រាក់កម្ចីជូនគាត់ក្នុងការពង្រើកមុខរបររបស់ពួកគាត់ឲ្យកាន់តែរីកចម្រើន និងទទួលប្រាក់ចំណូលច្រើនជាងមុនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។