ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

កម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក និង​ដើម្បីរួមចំណែកការពារបរិស្ថានធម្មជាតិ  ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក ។

សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ ។

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមបរិច្ចាគថវិកា ៤០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមអបអរសាទរចំពោះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលទទួលបានពានរង្វាន់ ឧត្តមភាពពាណិជ្ជកម្ម ជាធនាគារ ដែលទទួលបានទំនុកចិត្តខ្ពស់បំផុតប្រចាំឆ្នាំ២០២២ នៅទីក្រុងHouston នៃរដ្ឋ Texas សហរដ្ឋអាមេរិក នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣។

ធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែគាំទ្រយុទ្ធនាការ «ការយល់ដឹងអំពីហិរញ្ញវត្ថុ» ដែលជាផ្នែកមួយនៃការចូលរួមក្នុងកិច្ចការសង្គមរបស់ធនាគារ។

ជាថ្មីម្តងទៀត ធនាគារប្រៃសណីយ៍កម្ពុជាបានក្លាយជាអ្នកឧបត្ថម្ភធំ Diamond Sponsor ក្នុងវគ្គបណ្តុះបណ្តាល “អ្នកសារព័ត៌មាន លើមូលដ្ឋានគ្រឹះនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា” ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋានដល់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

 

ធនាគារប្រៃសណីយ៍កម្ពុជា ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងស្រ្តី ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រក្រោមប្រធានបទ«ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដើម្បីអបអរទិវាអន្តរជាតិនារី នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ។

ក្រៅពីគណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារប្រៃសណីយ៍ប្រមាណ១៣០នាក់ ក៏មានកីឡាករ កីឡាការិនីផ្សេងៗប្រមាណជាង ១.៥០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។

 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីនេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) បានឧបត្ថម្ភ​ តុកុំព្យូទ័រចំនួន១០ តុបាយចំនួន៥ ​កៅអីចំនួន​៥០ និងទឹកសុទ្ធ ៥០យួរ ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ នៅ​ថ្ងៃទី០១ ខែមីនា​ ឆ្នាំ២០២៣ ។

អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះដោយការជួញដូរ រំលោភបំពាន បៀតបៀន និងកេងប្រវ័ញ្ចផ្លូវភេទ តាមរយៈការផ្ដល់ជាជំរក ការគាំពារសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជំនួយផ្នែកច្បាប់ ការអប់រំ ការបណ្ដុះបណ្ដាល និងសមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញជាមួយស្ថេរភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្ តុ ។

ជាចុងក្រោយ ធនាគារក៏សូមអំពាវនាវ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ​ចូលរួមបរិច្ចាគ​ជូន​អង្គការអាហ្វេស៊ីបកម្ពុជា ដែលកំពុងតែត្រូវការជំនួយបន្ថែម​ ដើម្បីរួម​ចំណែក​ជាមួយ​អង្គការ ក្នុង​ការជួយយុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះកម្ពុជា​ ឱ្យពួកគាត់ទទួលបានឱកាសក្នុងការក្រោកឈឡើងវិញ​ និងអភិវឌ្ឍខ្លួន ឱ្យក្លាយជាធនធាន​របស់​សង្គមនាថ្ងៃខាងមុខ ។

គណនីសម្រាប់បរិច្ចាគ៖

KHR: 000000865 (AFESIP CAMBODIA ORGANIZATION)

USD: 000000855 (AFESIP CAMBODIA ORGANIZATION)

ភ្នំពេញ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការផ្តល់សេវាប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ តាមរយៈ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានដឹកនាំបុគ្គលិកធនាគារ ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមការងារបច្ចេកទេស នាថ្ងៃអង្គារ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

ក្នុងជំនួបសម្តែងការគួរសមនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏បាននាំយកអង្ករចំនួន ១០តោន ឧបត្ថម្តជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមរបស់អគ្គនាយកដ្ឋានផងដែរ។

ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “សន្សំតិចប្រសើរជាងមិនបានសន្សំ ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដែល​រៀបចំ​ឡើង​ដោយ​ ​ធនាគារជាតិនៃកម្ពុជា​ ​សមាគម​ធនាគារ​កម្ពុជា​ ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​ដែល​ប្រព្រឹត្តទៅ​នៅសួនច្បារសាធារណៈ មុខព្រះអង្គចេក-ព្រះអង្គចម ខេត្តសៀមរាប។

កម្មវិធីនេះបានប្រារព្ធឡើងក្រោមគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចា​ប់ផ្តើមសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុផ្លូវការ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ ធនាគារ ប្រៃសណីយ៍កម្ពុជា សូមថ្លែងអរគុណយ៉ាងជ្រៀលជ្រៅដល់សាធារណៈជនទាំងអស់ ដែលបានអញ្ជើញចូលរួម និងមកទស្សនាស្តង់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា យ៉ាងច្រើនកុះករ។

 

អបអរសាទរដល់បុគ្គលិកឆ្នើមទាំងពីររូប ដែលទទួលបានរង្វាន់លើកទឹកចិត្ត iPhone 14 Pro max ម្នាក់មួយគ្រឿង ពីធនាគារ ប្រៃសណីយ៍កម្ពុជា ចំពោះការសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរប្រចំាខែកញ្ញា ឆ្នាំ២០២២។

គណៈគ្រប់គ្រងធនាគារ ប្រៃសណីយ៍កម្ពុជា សូមចូលរួមត្រេកអរដល់អ្នកទាំងពីរ និងសូមលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ឱ្យខិតខំបន្ថែមទៀត ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តនេះពីធនាគារផងដែរ។