យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ

សេចក្តីថ្លែងការណ៍ពីប្រធាននាយកប្រតិបត្តិ

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

“២០២២ ជាឆ្នាំប្រកបដោយក្តីសង្ឃឹម ថានឹងប្រសើរឡើងវិញ”

បន្ទាប់ពីភាពមិនប្រាកដប្រជាក្នុងប៉ុន្មានឆ្នាំកន្លងមក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការរឹតបន្តឹងវិធានការបិទខ្ទប់នៅក្នុងប្រទេសចិនដើម្បីអនុវត្តផែនការកូវីតសូន្យ ដែលបានរំខានដល់សង្វាក់ផ្គត់ផ្គង់ និងបានបង្កើតឱ្យមានអស្ថិរភាពតម្លៃទំនិញ និងសេវាកម្ម ជាពិសេសទេសចរណ៍ និងសណ្ឋាគារ សង្ឃឹមថានឹងបានចប់សព្វគ្រប់ ឬធូរស្បើយនៅឆ្នាំ២០២២ តែសង្គ្រាមរវាងរូស្ស៊ី-អ៊ុយក្រែនក៏បានលេចឡើង ដែលធ្វើអោយតម្លៃថាមពលទូទាំងពិភពលោកកើនឡើង ហើយបានជំរុញឱ្យអត្រាអតិផរណាកើនឡើងខ្ពស់ ពិសេសនៅពាក់កណ្តាលឆ្នាំ២០២២ គួបផ្សំនឹងការដំឡើងអត្រាការប្រាក់លឿនជាងការរំពឹងទុករបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក បានបង្កើតជាឧបសគ្គយ៉ាងច្រើនសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

បើទោះបីជាបានជួបបញ្ហាប្រឈមផ្សេងៗច្រើនយ៉ាងណាក៏ដោយ ក៏ធនាគារប្រៃសណីយ៍កម្ពុជា ក.អ អាចសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនក្នុងឆ្នាំ២០២២ ដែលរួមមាន៖

ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល ដែលធ្វើឱ្យធនាគារអាចបម្រើសេវាកម្មអតិថិជនកាន់តែប្រសើរ និងប្រកប ដោយភាពបត់បែន ងាយស្រួល ប្រសើរជាងមុន។

មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសុវត្ថិភាពប្រព័ន្ធ២៤/៧ របស់ធនាគារ បានបន្តត្រួតពិនិត្យ និងគ្រប់គ្រងការគំរាមកំហែងតាមអ៊ីនធឺណិត ដើម្បីធានាសុវត្ថិភាពពេញលេញជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការនានាតាមប្រព័ន្ធឌីជីថល ដោយសុវត្ថិភាព។

ធនាគារក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងអនុលោមភាពច្បាប់ និងអភិបាលកិច្ចល្អនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។

ទន្ទឹមនឹងនោះធនាគារបានពង្រីកវិសាលភាពបណ្តាញប្រតិបត្តិការ តាមរយៈការសហការណ៍ក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអម្រឹត និងអេអឹមខេ ដែលអនុញ្ញាតឱ្យធនាគារកាន់តែខិតជិតអតិថិជនទាំងអស់ទូទាំងប្រទេសមួយកម្រិតទៀត។ ធនាគារក៏បានអភិវឌ្ឍន៍ និងបន្ថែមនូវមុខងារថ្មីៗជាច្រើននៅក្នុងសេវាធនាគារចល័តរបស់ខ្លួន ដើម្បីអោយមានភាពងាយស្រួលនិងកាន់តែសម្បូណ៌បែបដល់អ្នកប្រើប្រាស់ ដែលជម្រុញអោយអ្នកប្រើប្រាស់សេវាកម្មធនាគារចល័ត របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ កើនឡើងរហូតដល់៣៧០%  ចំនួនដៃគូអាជីវកម្មកើនឡើង៩១% និងចំនួនគណនីអតិថិជនកើនឡើង៥៥%.។ល។

សម្រាប់សូចនាករហិរញ្ញវត្ថុវិញក្នុងឆ្នាំ២០២២នេះ ធនាគារបានសម្រេចកំណើនទ្រព្យសកម្ម៨,៩% ស្មើនឹង១,២៩ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានកើនឡើង ១៥,៨% ស្មើនឹង១ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់សន្សំកើនឡើង ១១,០៦% ស្មើនឹង៩៤៧លានដុល្លាអាមេរិក និងប្រាក់ចំណេញសុទ្ធកើនឡើង១០,៧៣% ស្មើនឹងចំនួន ២៣,៦២លានដុល្លារ។

ក្នុងនាមជាធនាគាររបស់ខ្មែរដែលមានចក្ខុវិស័យ ជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនខ្មែរ ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គម ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានបន្តពង្រីកបណ្តាញសាខានៅតាមបណ្តាខេត្ត រាជធានី ខណ្ឌ ស្រុកដែលមានសក្តានុពល ដែលចំនួនសាខារបស់ធនាគារកើនឡើងដល់៦០សាខានៅឆ្នាំ២០២២នេះ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន មានបណ្តាញសាខា៥១ ហើយធនាគារបានផ្តល់អាទិភាពក្នុងការសហការជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមរបស់រាជរដ្ឋាភិបាល បន្តផ្តល់ហិរញ្ញប្បទានទ្រទ្រង់សហគ្រាស ធុនតូច និងមធ្យម មួយចំនួនជាពិសេសលើវិស័យទេសចរណ៍ និងសណ្ឋាគារ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច។

ការសម្រេចលទ្ធផលដ៏ធំធេងក្នុងឆ្នាំ២០២២នេះ គឺជាការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ការដាស់តឿន ការណែនាំជាប្រចាំរបស់អ្នកឧកញ៉ាបណ្ឌិតជាប្រធានក្រុមប្រឹក្សាភិបាល លោកអនុប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលផ្សេងៗទៀត ជាពិសេស ធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរត្រួតពិនិត្យ ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តទាន់ពេលវេលា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចកម្ពុជាទាំងមូល ទើបធ្វើអោយធនាគារបានសម្រេចលទ្ធផលដ៏ត្រចះត្រចង់បែបនេះ។

ធនាគារក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងបន្តគាំទ្រប្រើប្រាស់ ផលិតផល និងសេវាកម្មរបស់ធនាគារកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធនាគារនឹងខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនអោយកាន់តែទំនើប និងទាន់សម័យ និងប្តេជ្ញាបន្តផ្តល់បទពិសោធន៍សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជនគ្រប់រូប និងសូមអរគុណចំពោះបុគ្គលិកធនាគារគ្រប់ជាន់ថ្នាក់ដែលខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងឆ្នាំកន្លងមក ក្រុមប្រឹក្សាភិបាល រាជរដ្ឋាភិបាល និងអាជ្ញាធរនិយ័តករ ធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារ ហើយធនាគារប្តេជ្ញាថានឹងធ្វើអោយកាន់តែប្រសើរថែមទៀតនៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត។