ធនាគារប្រៃសណីយ៍កម្ពុជា និង ក្រុមហ៊ុនអាយជី អាណាចក្រថិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា នៅថ្ងៃទី២៨ ខែឧសភា ឆ្នំាំ២០២៥ នៅស្នាក់ការកណ្តាលរបស់ធនាគារប្រៃសណីយ៍កម្ពុជា។
កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជី អាណាចក្រថិក សម្រាប់ ធនាគារប្រៃសណីយ៍កម្ពុជា ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍ និងនវានុវត្តបច្ចេកវិទ្យាទំនើបៗស្របតាមទិសដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារប្រៃសណីយ៍ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុនអាយជី អាណាចក្រថិក។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់បច្ចេកវិទ្យាឌីជីថលរបស់ធនាគារប្រៃសណីយ៍កម្ពុជា ដែលនេះនឹងកាន់តែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនអតិថិជនរបស់ធនាគារ។»
លោក គឹម ពុធគីរី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន អាយជី អាណាចក្រថិក បានលើកឡើងថា «អាយជី អាណាចក្រថិក ពិតជាមានមោទនភាពដោយបានសហការជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ និងសហការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ។»
កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ងាយស្រួល និងជាពិសេស ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។