ធនាគារ ប្រៃសណីយ៍កម្ពុជា និង ទ្រូម៉ាន់នី សហការគ្នាផ្តល់សេវាដាក់ប្រាក់ចូលគណនីធនាគារកាន់តែទំលំទូលាយទូទាំងប្រទេស

រាជធានីភ្នំពេញ,​ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ និងសាធារណជនទាំងអស់អាចធ្វើការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ប្រៃសណីយ៍កម្ពុជា ឬទូទាត់សងឥណទានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ទូទាំងប្រទេសជាមួយប្រព័ន្ធបាគង។ អតិថិជនអាចធ្វើដំណើរទៅកាន់​ភ្នាក់ងារ​របស់​ទ្រូម៉ាន់នី ជាង 10,000​ទីតាំង ទូទាំង​ប្រទេសដែលនៅជិតខ្លួនបំផុតដោយគ្រាន់តែផ្តល់នូវលេខ គណនីធនាគាររបស់ខ្លួនទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី។

ពិធីចុះហត្ថលេខាភាពជាដៃគូនេះ បានប្រារព្វឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួមពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា និងលោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបនៃស្ថាប័នទាំងពីរ។

គូសបញ្ជាក់ផងដែរថា អតិថិជនទាំងអស់ក៍អាចធ្វើការផ្ទេរប្រាក់មកកាន់គណនីធនាគារប្រៃសណីយ៍កម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ទ្រួម៉ាន់នីបានដូចគ្នា។

កំឡុងពេលនៃពិធីចុះហត្ថលេខានេះ លោក​ តូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា “កិច្ចសហប្រតិបត្តិការមួយនេះ គឺធ្វើឡើងក្រោមគោលដៅរួមដើម្បីបម្រើផ្តល់សេវាកាន់តែងាយស្រួលដល់អតិថិជន ហើយក៏ជាយុទ្ធសាស្រ្តរបស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ឱ្យទទួលបាននូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់”។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍លើកឡើងថា “ទ្រូម៉ាន់នី មាន​មោទនភាព​ដែលបាន​ក្លាយជា​ដៃគូ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏មាន​កេរ្ដិ៍ឈ្មោះ និង​គួរឱ្យកោតសរសើរ​។ នៅ​ទ្រូម៉ាន់នី យើង​ត្រៀម​ខ្លួនរួចជា​ស្រេច​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដ៏មាន​សារៈ​ប្រយោជន៍​បំផុត​ជូន​ដល់​អតិថិជន​ទាំង​ទ្រូម៉ាន់នី និង​ធនាគារ​ប្រៃសណីយ៍កម្ពុជា”

ធនាគារ ប្រៃសណីយ៍​កម្ពុជា ក៏​មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀត​រួម​មាន សេវា​ឥណទាន សេវា​បញ្ញើ​សន្សំ សេវា​អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត​តាម​ទូរ​សព្ទ ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​វី​សា សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស និង​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត ជាពិសេស​គ្រប់ការ​ធ្វើ​ប្រតិបត្តិការ​ទាំងអស់​ដែលចេញពីធនាគារប្រៃសណីយ៍កម្ពុជានឹង​មិន​មានការ​គិត​កម្រៃ​សេវា​ឡើយ​៕