ធនាគារ ប្រៃសណីយ៍កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អនុញ្ញាតឱ្យអតិថិជនដកប្រាក់ឆ្លងម៉ាស៊ីនATMគ្នា ដោយឥតគិតថ្លៃ

ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ –​ធនាគារ ប្រៃសណីយ៍កម្ពុជា និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ​សហការគ្នា ដើម្បីផ្តល់ជូន​អតិថិជន នួវ​ភាពងាយស្រួលក្នុង​ការ​​ប្រើប្រាស់​ប័ណ្ណATM និង​ប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ នៅ​២៥ខេត្ត​ក្រុង​ ដោយឥតគិតថ្លៃសេវា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារតារាអ៊ែរផត ដោយ​មាន​ការ​ចូលរួម​ដោយ​គណៈគ្រប់គ្រងជាន់​ខ្ពស់​ នាយក និងនាយិកា ស្ថាប័នទាំងពីរ។

បច្ចុប្បន្ន​ ធនាគារ ប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានបណ្តាញម៉ាស៊ីន ATM សរុប ៧០ទីតាំងទូទាំងប្រទេស។ នេះ​មាន​ន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១៥៩ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។

លោកតូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ហើយ​​កិច្ចសហប្រតិបត្តិការមួយនេះ គឺជា​យុទ្ធសាស្រ្តរបស់​ស្ថាប័នទាំងពីរ ដែល​ធ្វើឡើងក្នុង​គោលដៅរួម​ គឺដើម្បីពង្រឹង និង​ពង្រីក​សេវាកម្មរបស់ខ្លួន​ឱ្យ​កាន់តែ​រហ័ស ងាយស្រួល និង​ខិត​ជិត​អតិថិជន។»

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “គោលបំណងសំខាន់នៃកិច្ចសហការនេះគឺផ្តោតសំខាន់លើអតិថិជនជាចម្បង ដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ តាមរយៈការដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម របស់ស្ថាប័នទាំងពីរ បានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងចំណេញពេលវេលា។ យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុ ឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការអតិថិជន តាមរយៈការចាប់ដៃគូសហការជាមួយស្ថាប័នដែលមានគុណភាព និងមានកេរឈ្មោះដូចជាធនាគារ ប្រៃសណីយ៍កម្ពុជាជាដើម។ ”