ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ទូទាំងប្រទេស

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំ​កម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយគណៈគ្រប់គ្រង និង​​បុគ្គលិក​ធនាគារគ្រប់ជាន់ថ្នាក់ ដោយ​ដើររើសសំរាមសម្អាត​បរិស្ថាន​នៅតាម​សួន និង​ដងផ្លូវសាធារណៈនៅ​គ្រប់ខេត្តក្រុងនៃ​ព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​ចូលរួម​លើកកម្ពស់សុខុមាលភាព សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ និង​តាមបណ្តាខេត្ត។ សកម្មភាព​នេះក៏​ជា​សារក្រើនរំលឹក​ដល់​សាធារណៈជនឱ្យ​ចេះ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និងជៀសវៀង​ការ​ចោលសំរាម​ពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ។

គួបញ្ជាក់ផងដែរថា ​ស្នាក់ការកណ្តាល និង​សាខានៅ​រាជធានី​ភ្នំពេញ​ទាំង​១២​សាខា បានប្រមូល​ផ្តុំ​គណៈគ្រប់គ្រង និង​បុគ្គលិក​ប្រមាណ​៤០០នាក់​ ដើររើសសំរាម សម្អាតបរិស្ថាននៅទីតាំងក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយ ចង្វារ) និង​តាមបណ្តោយច្រាំងទន្លេសាប ក្នុងខណ្ឌជ្រោយចង្វារ នៅរាជធានីភ្នំពេញ។